សាហាវហួស កូនរដ្ឋលេខាធិការក្រសួងកសិកម្ម លើគ្នាមកវ៉ៃជនរងគ្រោះដល់ថ្នាក់រៀន មានចេតនាសម្លាប់ តែសំណាងល្អបានលោកគ្រូជួយទាន់
រាជធានីភ្នំពេញ៖មហាជនកំពុងទន្ទឹងរងចាំមើលថា តើច្បាប់អនុវត្តទៅលើកូនលោកធំ ដែលប៉ុនប៉ងសម្លាប់ជនរងគ្រោះដល់ថ្នាក់រៀននោះទៅជាយ៉ាងណា? បន្ទាប់ពីជនបង្កដែលគេស្គាល់ថា ត្រូវជាកូនបង្កើតរបស់លោក ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដែលបាននាំសាច់ញាតិជាក្រុមមកប្រព្រឹត្តបទល្មើស ប្រើហិង្សាក្នុងគោលបំណងសម្លាប់ជនរងគ្រោះដល់ថ្នាក់រៀន តែសំណាងជនរងគ្រោះរួចផុតពីសេចក្តីស្លាប់ ដោយសារលោកគ្រូៗជួយអន្តរាគមន៍ទាន់។
ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ នៅក្នុងបន្ទប់រៀន នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
បើតាមប្រភព័ត៌មានបានឲ្យដឹងថា៖ជនបង្កមានឈ្មោះ ណី សៅសុវណ្ណ ជាកូនបង្កើតរបស់លោក ណី លន់ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវកូនក្មួយ និងជាបងជីដូនមួយ ណី សៅសុវណ្ណ ជាមួយនិងក្រុមគូកនចំនួន៣នាក់ទៀត។រីឯជនរងគ្រោះមានឈ្មោះ ក្រាម ស៊ីង ភេទប្រុស អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី៤ រៀនផ្នែកវេជ្ជសាស្ត្រសត្វ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។
ជនរងគ្រោះឈ្មោះ ក្រាម ស៊ីង បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា៖មុនពេលកើតហេតុ ខ្លួនកំពុងនៅក្នុងថ្នាក់បន្ទប់៤VMB រៀនមុខវិជ្ជាវេជ្ជសាស្ត្របក្សី ដែលមានលោកគ្រូឈ្មោះ ធីម សុខា ជាអ្នកបង្រៀន លុះដល់កើតហេតុក៏ស្រាប់តែឈ្មោះ នូច ចាន់ណារិទ្ធ ត្រូវជាបងឈ្មោះ ណី សៅសុវណ្ណ នាំគ្នាចំនួន៣នាក់ទៀត សម្រុកចូលក្នុងបន្ទប់ថ្នាក់រៀនខាងលើ មកស្រែកសំឡុត និងធ្វើសកម្មភាពក្នុងចេតនាសម្លាប់ ប៉ុន្តែបានលោកគ្រូៗជួយរារាំង និងនិស្សិតរួមថ្នាក់ស្រែកខ្លាំងៗ ជនបង្កបញ្ឈប់សកម្មភាព បណ្តាលឲ្យរងនូវកណ្តាប់ដៃជនបង្កដាល់ត្រូវចំគុម្ពត្រចៀក និងក្តោងច្រមុះបែកហូរឈាម បានមិត្តរួមថ្នាក់ដឹកទៅកាន់មន្ទីរពេទ្យ។
ដោយឡែក ក្រុមជនបង្កត្រូវខាងគណៈគ្រប់គ្រងសាលា ហៅមកសាកសួរបានមួយដង្ហើមចង្រិត នៅការិយាល័យសិក្សា ក៏ឱ្យក្រុមជនបង្កត្រឡប់ទៅផ្ទះវិញ ដោយមិនបានប្រគល់ជនបង្ក ឬហៅសមត្ថកិច្ចជាមន្ត្រីនគរបាលយុត្តិធម៌នៅជិតនោះ ឃាត់ខ្លួនក្រុមជនបង្កហេតុយកទៅសាកសួរតាមនីតិវិធីនោះឡើយ ទាំងនេះដោយគេដាក់ការសង្ស័យថា លោកគ្រូៗ គណៈគ្រប់គ្រងសាលាមានការខ្លាចរអាកូនលោកធំ និងគូកន៣នាក់ទៀតជាអង្គរ័ក្ស ទើបបានជាមិនផ្តល់ក្រុមជនបង្កឱ្យសមត្ថកិច្ចចាត់ការបន្ត។
ពាក់ព័ន្ធករណីនេះ អ្នកសារព័ត៌មានយើងមិនបានសុំការបកស្រាយពី លោក ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃសកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានទេដោយគ្មានលេខទូរស័ព្ទ។ដោយឡែក លោក ណី លន់ រដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ បានប្រាប់តាមទូរស័ព្ទថា តាមពិតឈ្មោះ ណី សៅសុវណ្ណ នោះជាកូនលោកមែន គ្នាមិនបានវ៉ៃជនរងគ្រោះទេ គឺបងវាឈ្មោះ នូច ចាន់ណារិទ្ធ ជាអ្នកបង្កហេតុ ដោយសារវាខឹងជំនួសប្អូនក៏កើតទៅជារឿង។
លោកបញ្ចាក់ថា ធ្វើបែបនេះមិនត្រូវទេទោះជាជនរងគ្រោះឆាតសំឡេងគម្រាមក៏ដោយ ក៏គេមិនទាន់បានប្រព្រឹត្ត ហើយក៏គ្មានការសងសឹកវ៉ៃគេនោះដែរ ខ្ញុំពិតជាសោកស្តាយអ្វីដែលក្មេងៗគាត់គិតខ្លី បង្កជាជម្លោះប៉ៈពាល់ធ្ងន់ធ្ងរណាស់គ្រួសារ និងសង្គម ដូច្នេះហើយខ្ញុំមិនទទួលយកបានទេនូវអំពើខុសច្បាប់ ហើយរឿងនេះទុកអោយខាងសាលាគេធ្វើការចុះ ហើយខ្ញុំក៏ចង់អោយការសម្របសម្រួលគ្នាដ៏ល្អនិងគ្នាដើម្បីបញ្ចប់រឿងដែរ។
ជនរងគ្រោះបញ្ជាក់ថា ក្រោយកើតហេតុខ្លួនបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធខណ្ឌដង្កោ ប៉ុន្តែពុំដឹងថា សមត្ថកិច្ចឈានដល់ឃាត់ខ្លួនក្រុមជនសង្ស័យនេះដែរឬមួយយ៉ាងណា?
សូមបញ្ជាក់ដែរថា ពាក់ពន្ធ័ករណីខាងលើនេះក្រុមនិស្សិតបានលើកឡើងថា៖ ការអនុវត្តច្បាប់គួរកុំសំដៅលើបញ្ហាខ្លាចរអា ចំពោះកូនអ្នកធំ កូនអ្នកមានអី ប្រទេសយើងគ្រប់គ្រងដោយច្បាប់ ដូច្នេះអ្នកប្រព្រឹត្តបទល្មើសត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។ដូចជាករណីក្រុមជនបង្ក នាំគ្នាទាំងហ្វូងចូលមកវ៉ៃជនរងគ្រោះដល់បន្ទប់ថ្នាករៀន ចេតនាសម្លាប់ ជាអំពើដ៏ឃោឃៅបំផុតដែលសង្គមមួយនេះមិនអាចទទួលយកបាន។ម្យ៉ាងទៀតក្រុមជនបង្កគាត់បង្ហាញពីចរិកគឃ្លើនច្បាប់ វ៉ៃជនបង្កហើយ នៅទីនោះដោយចរិកក្រអើតក្រទម សូម្បីតែខាងគណៈគ្រប់គ្រងសាលាហៅពួកគេទៅសាកសួរ គឺពួកគេមិនញញើតនិងច្បាប់ ដោយសារយកឥទ្ធិពលអំណាចឪពុកជារដ្ឋលេខាធិការ ហ៊ានធ្វើអ្វីៗបំពាន និងបាត់បង់នូវសេចក្តីថ្លៃថ្នូ សីលធម៍ ក្នុងសង្គមដ៏ធ្ងន់ធ្ងរ៕